ឯកឧត្តម នេត្រ ភក្ត្រា ណែនាំដល់ប្រធានមន្ទីរព័ត៌មានថ្មីខេត្តត្បូងឃ្មុំ

S.A TVHD
0
ឯកឧត្តម នេត្រ ភក្ត្រា ណែនាំដល់ប្រធានមន្ទីរព័ត៌មានថ្មីខេត្តត្បូងឃ្មុំ សាមគ្គីគ្នាគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យជាប់ជាប្រចាំ ផ្សព្វផ្សាយសមិទ្ធផល និងព័ត៌មានពិត ចំណេះដឹងជូនពលរដ្ឋ
        ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ លោក ធីន ស៉ីថាច ជំនួសលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មាន ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ 

ពិធីនេះបានធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន, លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងសមាជិកប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាង២០០នាក់។ 

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសត្រូវអនុវត្តភារកិច្ចរបស់ខ្លួនដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ និងបានកោតសរសើរចំពោះស្នាដៃទាំងឡាយដែលលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មានខេត្ត រួមជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសម្រេច នាពេលកន្លងមកបានធ្វើឱ្យអង្គភាព មានការរីកចម្រើន និងសម្រេចបានសមិទ្ធផល ជាបន្តបន្ទាប់ផងដែរ។ 

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែផ្សព្វផ្សាយព័ត៌មានពិត មានខ្លឹមសារ ផ្តល់ចំណេះដឹងជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ទំនុកចិត្តដល់អាជ្ញាធរ និងរាជរដ្ឋាភិបាល នូវសមិទ្ធផលនានាដែលសម្រេចបានជូនជាតិ មាតុភូមិ ព្រមទាំងជំរុញឱ្យក្រុមការងារព័ត៌មាន និងសាធារណមតិ រួមជាមួយអ្នកសារព័ត៌មានទាំងអស់ រួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនានារបស់អាជ្ញាធរខេត្តដែលសម្រេចបានឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាប ពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ ឆ្លើយតប បំភ័ន្ត បំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមប្រឆាំងជ្រុលនិយម។ 

បន្ថែមពីការផ្សព្វផ្សាយព័ត៌មានរបស់មន្ត្រីព័ត៌មាន និងក្រុមការងារសាធារណមតិ, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើអាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីនៅតាមមូលដ្ឋាននានាត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្ត ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឱ្យមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាដើម។ នាឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌ខេត្តត្បូងឃ្មុំ ក្រោមការគិតគូរយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងគាំទ្រពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀត។ 

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា តាមរយៈរបាយការណ៍ស្តីពីលទ្ធផលការងាររបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាពេលកន្លងមកនេះ ពិតជាបានស្តែងចេញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្ត ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ស ស៊ីណា អតីតប្រធានមន្ទីរព័ត៌មាន (ដែលទទួលមរណភាពកន្លងទៅ)។ ជាមួយគ្នានេះមន្ទីរព័ត៌មានខេត្តក៏បានបំពេញតួនាទីភារកិច្ច និងអនុវត្តការងារ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំរបស់ក្រសួងព័ត៌មានក្នុងការផ្សព្វផ្សាយ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ និងចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមការដឹកនាំដោយគតិបណ្ឌិត និងសក្តានុពលរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ 

បើតាមយោងតាមរបាយការណ៍សង្ខេបរបស់លោក វ៉ាន់ វីរៈ អនុប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ មន្ទីរបានផ្សព្វផ្សាយតាមវិទ្យុជាតិខេត្ត ចំនួន ៩,២៨៧លើក ផេកទូរទស្សន៍ជាតិខេត្ត ចំនួន ៤,៤៥០លើក បញ្ចួនផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា និងឯកជននៅរាជធានីភ្នំពេញចំនួន ១,៧៤៦លើកបិទផ្សាយលើក្តារព័ត៌មានសាធារណៈ ចំនួន២០៩លើក ធ្វើសេចក្តីរាយការណ៍តាមទូរស័ព្ទផ្ទាល់ទៅទូរទស្សន៍ជាតិកម្ពុជា ចំនួន ៣២៩លើក ព្រឹត្តិបត្រព័ត៌មាន ចំនួន១១លើក ព័ត៌មានផ្សេងៗ (ជាតិ, អន្តជាតិ, កីឡាជាដើម)ចំនួន ១០,៧៣៦លើក ផ្សព្វផ្សាយតាមបណ្តាញសង្គមបានចំនួន ១០,៦១០លើកមានដូចជា ហ្វេសប៊ុក តិកតុក យូធូប គេហទំព័រមន្ទីរជាដើម ក្នុងនោះមន្ទីរផលិតកម្មវិធីផ្សាយផ្ទាល់ តាមវិទ្យុជាតិខេត្ត ផេកទូរទស្សន៍ជាតិខេត្ត ផេកទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្ត និងផេកមន្ទីរព័ត៌មានខេត្ត។ 

នាឱកាសនោះដែរ លោក ធីន ស៉ីថាច ប្រធានមន្ទីរថ្មី ដែលទើបតែប្រកាសឡើងកាន់តំណែង បានប្តេជ្ញាចិត្តថាស្មោះត្រង់ចំពោះជាតិ ព្រះរាជាណាចក្រកម្ពុជា សាសនា ព្រះមហាក្សត្រ និងគោរពតាមរដ្ឋធម្មនុញ្ញ, ប្តេជ្ញារួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ខិតខំគោរព និងរដ្ឋបាលខេត្ត អនុវត្តតាមបទបញ្ជា គោលការណ៍ណែនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួង, ប្តេជ្ញាប្រកាន់យកអភិក្រមបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយភាពផ្តួចផ្តើម និងច្នៃប្រឌិត ស្របតាមបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយជាវិជ្ជមាន នៅរដ្ឋបាលថ្នាក់ក្រោម ជាតិឱ្យកាន់តែទូលំទូលាយ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ 

យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាម ប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បន្តពង្រឹងវិន័យ និងពង្រីកសាមគ្គីភាព សហប្រតិបត្តិការ ឯកភាពផ្ទៃក្នុង របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានភាពរឹងមាំជាធ្លុងមួយ ដើម្បីគុណតម្លៃ និងផលប្រយោជន៍រួម, ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច របៀបរបបការងារ បែបបទ នីតិវិធី សមត្ថកិច្ច និងលក្ខខណ្ឌការងាររបស់មន្ត្រី បុគ្គលិក សំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារ, ប្តេជ្ញាអនុវត្តតាមតួនាទី ភារកិច្ច និងកិច្ចការដទៃទៀតដែលក្រសួងព័ត៌មាន រដ្ឋបាលខេត្ត ប្រគល់ជូនព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរ ស្ថាប័ន អង្គភាពនានា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការពង្រីកវិស័យព័ត៌មាន និងសោតទស្សន៍ និងប្រែក្លាយតួនាទីមន្ទីរព័ត៌មានឱ្យក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលខេត្ត៕
ផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ 
ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !